• អគារលេខ 809 (ជាន់ទី 8), C7 Fortune Tower, Olympia City, ផ្លូវ 182 កែង 161, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, រាជធានីភ្នំពេញ, កម្ពុជា

ទំនាក់ទំនង

+855 23 885 335

ព័ត៌មាន

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៧,៥% កើនជាងផែនការគ្រោងទុក ប្រមាណ ០,៦%

គិតត្រឹមពាក់កណ្តាលខែមេសា ឆ្នាំ២០២៤ នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានជាង ៧,៥% បន្ទាប់ពីបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

បើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការងារសាងសង់ដែលសម្រេចបានរួមមាន៖ សសរគ្រឹះចំនួន ២៤ដើម នៃជើងតាងទី៩ បានចាក់បេតុងរួចរាល់១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ដោយឡែកសសរគ្រឹះជើងតាងទី១០ មានចំនួនសរុប ១២ដើម ដំណើរការខួងរួចបាន៤ដើម។ ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ)។

ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានលើកឡើងផងដែរថា នៅក្នុងបញ្ចកោណទី២ គឺ«ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង» បានផ្តោតលើកិច្ចការអាទិភាពចំនួន៥ ហើយកិច្ចការអាទិភាពទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដែលមានគោលដៅជាយុទ្ធសាស្ត្រ ក្នុងការបន្តកសាង និងពង្រឹងមូលដ្ឋាន និងបុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕