នៅក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្តីពី«ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២0២៣-២០៣៣» វិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា បានបង្ហាញនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងប្រទាក់ក្រឡា ជាមួយនឹងកត្តាសង្គម-សេដ្ឋកិច្ច ដែលរួមមានបម្រែបម្រួលប្រជាសាស្ត្រ និងកំណើននគរូបនីយកម្ម ការវិវត្ត នៃពាណិជ្ជកម្មអន្តរជាតិ និងសមាហរណកម្មតំបន់ ការតភ្ជាប់ក្នុងតំបន់ និងការអភិវឌ្ឍឧស្សាហូបនីយកម្មកម្ពុជា និងសកម្មភាពសេដ្ឋកិច្ចផ្ទៃក្នុង ជាដើម។
នេះមានន័យថា ការអភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទីក ជាពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តបាន និងកំពុងព្យាយាមបំពេញឬឆ្លើយតបនឹងតម្រូវការនៃសង្គម-សេដ្ឋកិច្ច។ ទន្ទឹមគ្នានេះ បម្រែបម្រួលផ្នែកសង្គម-សេដ្ឋកិច្ច ក៏បានផ្តល់ការគាំទ្រដល់ការរីកចម្រើនផ្នែកការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផងដែរ ពោលគឺមានទំនាក់ទំនងទ្វេទិស ឬទៅវិញទៅមក៕