«ព្រែកជីកហ្វូណន-តេជោ» នឹងក្លាយជាចំណែកបម្រើវិស័យដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេ ទៅសមុទ្រ បង្កើតការងារ និងជួយឱ្យតម្លៃដឹកជញ្ជូនមានកម្រិតទាប។ នេះបើតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាកយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។
ព្រែកជីកហ្វូណន-តេជោ ដែលតភ្ជាប់ពីសមុទ្រនៅខេត្តកំពត មកដល់ទន្លេបាសាក់ ក៏នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវទឹក នឹងក្លាយជាតំបន់ឧស្សាហកម្ម ធ្វើឱ្យពលរដ្ឋមានការងារធ្វើច្រើន និងមានចំណូលកាន់តែខ្ពស់។
សូមជម្រាបផងដែរថា គម្រោង«ព្រែកជីកហ្វូណន-តេជោ» មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹករបស់ព្រែកជីកនេះ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ, មុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ, ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។ ចំពោះការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ៕