ផែនការមេគ្រប់ជ្រុងជ្រោយស្តីពី«ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២0២៣-២០៣៣» មានចក្ខុវិស័យដើម្បីឈានទៅសម្រេចគោលបំណងធំ៤ រួមមាន៖
ទី១. ពង្រីក និងធ្វើឱ្យកាន់តែ ប្រសើរឡើងនូវវិសាលភាពគ្របដណ្តប់ និងសមត្ថភាពនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
ទី២. ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃសេវានិងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
ទី៣. ជំរុញ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំដៅគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ។
ទី៤. ពង្រឹងប្រសិទ្ធភាពសេវា និងចំណាយឡូជីស្ទីក។
ផែនការមេបានកំណត់នូវក្របខណ្ឌយុទ្ធសាស្ត្រក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនគ្រប់ជ្រុងជ្រោយក្នុងទម្រង់«៣-៣-៤-២» សំដៅដល់«របៀងដឹកជញ្ជូនមេ៣ របៀងដឹកជញ្ជូនរង៣ ប៉ូលកំណើន៤ និងប៉ូលភ្ជាប់កំណើន២»។ ក្នុងការរៀបចំប្រព័ន្ធឡូជីស្ទីក ផែនការមេបានកំណត់យកយុទ្ធសាស្ត្រ«២-២-N» ដែលសំដៅដល់«មជ្ឈមណ្ឌលឡូជីស្ទីក២ សួនឡូជីស្ទីក២ និងមណ្ឌលឡូជីស្ទីកគ្រប់ទីកន្លែង» ផ្អែកតាមតម្រូវការឡូជីស្ទីកជាក់ស្តែង៕